ព្រឹកនេះក្រសួងចេញសេចក្តីជូនដំណឹង ស្តីពីករណីមនុស្សស្លាប់ ៣នាក់ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី១០ ខែមេសា នេះ

មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ៤៨ឆ្នាំ​ បុរសជនជាតិខ្មែរអាយុ​ ៣៦ឆ្នាំ​ និងស្ត្រីជនជាតិខ្មែរអាយុ​ ៧២ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នាថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២១៖

ករណីទី១៖ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ដែលរស់នៅភូមិព្រែករាំង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១៖៥៥នាទីព្រឹក។

នៅពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១៖៤០នាទី អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី គ្មានសញ្ញាជីវិត ក្រុមគ្រូពេទ្យបានជួយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ប៉ុន្តែ មិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅ វេលាម៉ោង១១៖៥៥នាទី។ ដោយជាករណីសង្ស័យសព ត្រូវបានក្រុមគ្រូពេទ្យយកសំណាកហើយជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩ (Entrant mourant avec CoVID-19)។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

ករណីទី២៖ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៧២ឆ្នាំ ដែលរស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទីរសៀល។

អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង ប៉ុន្តែដោយសារស្ថានភាពជំងឺមានរលាកសួតធ្ងន់ធ្ងរ និងមានជំងឺទឹកនោមផ្អែមរ៉ាំរ៉េប្រចាំកាយ ទើបតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីន ជំនួយដកដង្ហើមតាំងពីថ្ងៃដំបូង ដែលចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ទោះបីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងណាក៏ដោយក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទីរសៀល។

ករណីទី៣ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ ដែលរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវដ-១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី។

អ្នកជំងឺខាងលើត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី ដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងធ្វើចលនាបេះដូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស។ យ៉ាងណាក៏ដោយក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣៖៤០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារវីរុសកូវដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមជាទីបំផុតជាមួយក្រុមគ្រួសារសព។

Leave a Reply

Your email address will not be published. Required fields are marked *