តារាស្រី នីគីនីគី បានទម្លាយឲ្យដឹងថា ខ្លួនស្ទើរក្លាយជាជនរងគ្រោះ ប៉ុន្តែបានដឹងខ្លួនមុន…

នេះបើយោងហ្វេសប៊ុកផេក កញ្ញា Nikki Nikki – នីគីនីគី ក៏បានទម្លាយរឿងមួយផងដែរ ដែលធ្វើអោយនាងស្ទើរក្លាយជាជនរងគ្រោះប៉ុន្តែ បានដឹងខ្លួនទាន់ ដោយកញ្ញាបានរៀបរាប់នៅលើ បណ្តាញសង្គម Facebook ថា៖

“ខ្ញុំសុំនិយាយតំណាងឲ្យក្រុមទាំងមូលតែម្ដង! សំណាងណាស់! ពិតជាសំណាងណាស់ដែលខ្ញុំជឿលើសភាវគតិរបស់ខ្ញុំនៅពេលដែលនិយាយការងារមិនចេញសាច់ការអ្វីសោះ។ បន្ទាប់ពីបានទទួលការងាររាប់ពាន់ដងហើយ វាពិតជាងាយយល់ណាស់សំរាប់ពួកខ្ញុំក្នុងការសំគាល់ថាអ្វីធម្មតា អ្វីដែលខុសប្រក្រតី។

ត្រូវមានការប្រុងប្រយត្ន័ជានិច្ច ហើយបើការនិយាយស្ដីចេះតែផ្ដោតទៅលើតែតួរ និងការជួបគ្នា ផឹកកាហ្វេ ជាងការងារជាក់ស្ដែងទាក់ទងទៅនឹង concept រឺ ប្រភេទវីដេអូផ្សាយពាណិជ្ជកម្ម គួរបោះបង់ការសន្ទនានោះទៅ។ សុវត្ថិភាពសំខាន់ជាងលុយ! សូមបញ្ជាក់ ពួកខ្ញុំកម្រជួបភ្ញៀវប្រជុំផ្ទាល់ណាស់។ ទាក់ទងគ្នាតែតាមទូរសព័្ទក៏កើតការដែរ។

ដោយការប្រជុំចង់ឲ្យពួកខ្ញុំទៅជួបដល់រោងចក្រ តែមិនព្រមនិយាយគ្នារឿងតម្លៃតាមដំណាក់កាលសោះនោះ ហើយដោយមានអារម្មណ៍ថាមិនសូវស្រួលផង ពួកខ្ញុំក៏ឈប់តបទៅ។ មិនបានប៉ុន្មានផង គាត់លុបឆាត telegram ចោលអស់រលីង។ ប៉ុន្មានខែក្រោយមក លេខដដែលមកម្ដងទៀតសួរអ្វីចម្លែកៗ។ ឆ្ងល់ពេកខ្ញុំក៏បានទៅនិយាយជាមួយកូនស្រីគាត់ផ្ទាល់ព្រោះស្គាល់គ្នា។ កូនស្រីគាត់ដោយជាមនុស្សមានចំណេះដឹង មនុស្សល្អ និងមនុស្សមានសុជីវធម៌ ក៏បានជួយដោះស្រាយបញ្ហាយ៉ាងលឿនបំផុត។

សូមបែងចែកឲ្យដាច់រវាងអ្នកប្រព្រឹត្ត និងអ្នកជួយ រឺអ្នកមិនដឹងរឿង។ សូមកុំតាមរករឿងមនុស្សដែលល្អ ត្រឹមត្រូវ និងសុចរិត។ ព្រោះយើងដឹងថាវាជារឿងធម្មតាដែលពេលខ្លះមានផ្លែស្អុយមួយ រឺពីរក្នុងកញ្ច្រែង។ ខ្ញុំមានអារម្មណ៍ធូរស្បើយដែលពួកខ្ញុំសំណាង តែមានអារម្មណ៍សោកស្ដាយដែលគាត់មិនមែនដឹងខ្លួនទេបន្ទាប់ពីខ្ញុំបានជូនជាដំណឹងទៅគ្រួសារគាត់ គឺគាត់គ្រាន់តែប្ដូរគោលដៅតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអំពើថោកទាប គ្មានអ្វីប្រៀបមួយនេះរលុប រលាយអស់ពីសង្គមយើង។ អរគុណអ្នកដែលស្រែកទាមទាររកយុត្តិធម៌។

ស្រែកទៅ ស្រែកឲ្យបានខ្លាំងជាងសំលេងយំរបស់នាង!”

Leave a Reply

Your email address will not be published. Required fields are marked *